14 ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។
15 ពួកឈ្មួញជួញរបស់ទាំងនេះដែលត្រលប់ជាមានបានដោយសារក្រុងនោះ នឹងឈរពីចម្ងាយដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ទាំងទ្រហោយំ និងកាន់ទុក្ខ
16 ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំអើយ! អ្នកបានស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទុំ ទាំងតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់
17 ដ្បិតក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្ដិដ៏ច្រើនដល់ម៉្លេះបានវិនាសអស់»។ រីឯអស់ទាំងអ្នកបើកនាវា ព្រមទាំងអ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងពួកអ្នកធ្វើជំនួញតាមផ្លូវទឹកទាំងឡាយបានឈរពីចម្ងាយ
18 ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?»
19 ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
20 ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។