8 ហេតុនេះបានជាគ្រោះកាចរបស់ក្រុងនោះនឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ ទុក្ខព្រួយ និងគ្រោះអត់ឃ្លាន ហើយក្រុងនោះនឹងត្រូវដុតដោយភ្លើង ដ្បិតព្រះអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គខ្លាំងពូកែ។
9 ពួកស្ដេចនៅលើផែនដីដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅយ៉ាងស្រើបស្រាលជាមួយក្រុងនោះនឹងទ្រហោយំ ហើយទួញសោក ពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ។
10 ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។
11 រីឯពួកឈ្មួញនៅលើផែនដីក៏ទ្រហោយំ ហើយកាន់ទុក្ខនឹងក្រុងនោះ ព្រោះលែងមាននរណាទិញទំនិញរបស់ពួកគេទៀតហើយ
12 ទំនិញទាំងនោះមាន មាស ប្រាក់ ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទុំ ឈើក្រអូបគ្រប់ប្រភេទ គ្រឿងភ្លុកគ្រប់ប្រភេទ គ្រឿងដ៏មានតម្លៃគ្រប់ប្រភេទដែលធ្វើពីឈើ ពីលង្ហិន ពីដែក និងពីថ្មកែវ
13 ហើយមានសំបកដើមសម្បុរល្វែង គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញ៉ាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅម៉ដ្ដ ស្រូវសាលី គោក្របី ចៀម សេះ រទេះ បាវបម្រើ និងជីវិតមនុស្សផង។
14 ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។