5 ដូច្នេះចូរនឹកចាំពីកន្លែងដែលអ្នកបានធ្លាក់ចុះ រួចប្រែចិត្ដ ហើយប្រព្រឹត្ដអំពើដែលអ្នកបានប្រព្រឹត្ដកាលពីដើមនោះវិញ បើមិនដូច្នេះទេ យើងនឹងមកឯអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ដ។
6 ប៉ុន្ដែអ្នកមានសេចក្ដីនេះ គឺអ្នកស្អប់ការប្រព្រឹត្ដិរបស់ពួកនីកូឡាសដែលយើងក៏ស្អប់ដែរ។
7 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិត ដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។
8 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា
9 យើងស្គាល់សេចក្ដីវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្ដែអ្នកជាអ្នកមានវិញ ហើយយើងស្គាល់ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរ ប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។
10 កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
11 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ»។