16 ក្រុងនោះមានរាងបួនជ្រុងស្មើគ្នា គឺបណ្ដោយ និងទទឹងស្មើគ្នា។ ទេវតានោះបានវាស់ក្រុងដោយដំបងនោះឃើញមានមួយម៉ឺនពីរពាន់ស្ដេឌៀ ហើយបណ្ដោយ ទទឹង និងកំពស់របស់ក្រុងនោះមានប្រវែងស្មើគ្នា។
17 ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានមួយរយសែសិបបួនហត្ថ តាមរង្វាស់របស់មនុស្សដែលទេវតាប្រើ។
18 កំផែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវសុទ្ធ។
19 គ្រឹះរបស់កំផែងក្រុងនោះតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់ប្រភេទ គ្រឹះទីមួយគឺជាត្បូងមណីជោតិរស ទីពីរគឺជាត្បូងកណ្ដៀង ទីបីគឺជាត្បូងមោរ៉ា ទីបួនគឺជាត្បូងមរកត
20 ទីប្រាំគឺជាត្បូងសាមស៊ី ទីប្រាំមួយគឺជាត្បូងពិទាយ ទីប្រាំពីរគឺជាត្បូងប៊ុតលឿង ទីប្រាំបីគឺជាត្បូងបេរីល ទីប្រាំបួនគឺជាត្បូងទោប៉ាត់ ទីដប់គឺជាត្បូងយក់ ទីដប់មួយគឺជាត្បូងនិល ទីដប់ពីរគឺជាត្បូងត្របែក។
21 ទ្វារទាំងដប់ពីរធ្វើពីគជ់ដប់ពីរ ទ្វារនីមួយៗធ្វើពីគជ់មួយ ហើយផ្លូវរបស់ក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវ។
22 ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀម គឺជាព្រះវិហាររបស់ក្រុងនោះ។