12 អ្នកណាមានជ័យជម្នះ យើងនឹងតាំងអ្នកនោះឲ្យធ្វើជាសសរទ្រូងនៅក្នុងព្រះវិហារនៃព្រះរបស់យើង ហើយអ្នកនោះនឹងមិនចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងសរសេរព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងនៅលើអ្នកនោះ ជាក្រុងយេរូសាឡិមថ្មីដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះរបស់យើង ហើយយើងក៏នឹងសរសេរឈ្មោះថ្មីរបស់យើងនៅលើអ្នកនោះដែរ។
13 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
14 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា
15 យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ គឺអ្នកត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅ យើងចង់ឲ្យអ្នក បើត្រជាក់គឺត្រជាក់ បើក្ដៅគឺក្ដៅ។
16 ដោយព្រោះតែអ្នកគ្រាន់តែក្ដៅឧណ្ហៗ ត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅដូច្នេះ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងហើយ
17 ដ្បិតអ្នកបាននិយាយថា ខ្ញុំជាអ្នកមាន ខ្ញុំស្ដុកស្ដម្ភហើយ ខ្ញុំមិនខ្វះអ្វីទេ ប៉ុន្ដែអ្នកមិនដឹងថា ខ្លួនឯងវេទនា គួរឲ្យអាណិត ក្រ ខ្វាក់ ហើយនៅអាក្រាតឡើយ។
18 យើងឲ្យយោបល់អ្នកទិញមាសពីយើង ជាមាសដែលបន្សុទ្ធដោយភ្លើង ដើម្បីឲ្យអ្នកត្រលប់ជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌សមកស្លៀកពាក់ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាសដែលអ្នកនៅអាក្រាតនោះឡើយ ព្រមទាំងទិញថ្នាំដាក់ភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញ។