វិវរណៈ 3:8-14 KCB

8 យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ មើល៍​ យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពី​មុខ​អ្នក​ ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។​ អ្នក​មាន​កម្លាំង​បន្ដិចបន្ដួច​មែន​ ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ ព្រមទាំង​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។​

9 មើល៍​ យើង​នឹង​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​ ជា​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​យូដា​ ប៉ុន្ដែ​មិន​មែន​ឡើយ​ ពួកគេ​ជា​ពួក​កុហក​ គឺ​យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​នៅ​ទៀប​ជើង​របស់​អ្នក​ ហើយ​ពួកគេ​នឹង​ដឹង​ថា​ យើង​ស្រឡាញ់​អ្នក​មែន។​

10 ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ ដែល​បម្រុង​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​ដើម្បី​ល្បងល​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី។​

11 យើង​នឹង​មក​យ៉ាង​ឆាប់​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ដែល​អ្នក​មាន​ចុះ ដើម្បី​កុំ​ឲ្យ​អ្នកណា​យក​មកុដ​របស់​អ្នក​បាន​ឡើយ។​

12 អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​ទ្រូង​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​យើង​ ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។​ យើង​នឹង​សរសេរ​ព្រះនាម​នៃ​ព្រះ​របស់​យើង​ និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​នៅ​លើ​អ្នក​នោះ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះ​របស់​យើង​ ហើយ​យើង​ក៏នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។​

13 អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​

14 «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា​ ព្រះ​អង្គ​ដ៏​ជា​អាម៉ែន​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ និង​ដ៏​ពិត​ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ មាន​បន្ទូល​ដូច្នេះ​ថា​