4 នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។
5 មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយមានចង្កៀងប្រាំពីរកំពុងឆេះនៅពីមុខបល្ល័ង្កនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។
6 នៅពីមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវដែលដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួនដែលមានភ្នែកពេញទាំងមុខទាំងក្រោយ។
7 សត្វមានជីវិតទីមួយដូចជាតោ សត្វមានជីវិតទីពីរដូចជាកូនគោ សត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួនដូចជាឥន្ទ្រីដែលកំពុងហើរ។
8 សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ក៏មានភ្នែកពេញនៅជុំវិញខ្លួន និងនៅខាងក្នុងខ្លួនដែរ ក៏ពោលពាក្យឥតឈប់ទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ជាព្រះដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។
9 ពេលសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង ថ្វាយកិត្ដិយស និងថ្វាយការអរព្រះគុណដល់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច
10 នោះពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖