9 អ្នកទាំងនោះក៏ច្រៀងចម្រៀងថ្មីមួយថា៖ «ព្រះអង្គស័ក្ដិសមនឹងយកសៀវភៅនេះ និងបកត្រានៅលើសៀវភៅនេះ ដ្បិតព្រះអង្គត្រូវបានគេសម្លាប់ ហើយបានលោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់ប្រទេសសម្រាប់ព្រះជាម្ចាស់ ដោយសារឈាមរបស់ព្រះអង្គ
10 និងបានធ្វើឲ្យពួកគេត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ព្រះជាម្ចាស់នៃយើង ហើយអ្នកទាំងនោះនឹងសោយរាជ្យលើផែនដី»។
11 នោះខ្ញុំឃើញ ហើយឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក សត្វមានជីវិត និងពួកចាស់ទុំ រីឯចំនួនទេវតាទាំងនោះមានរាប់ពាន់រាប់ម៉ឺន
12 នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «កូនចៀមដែលគេបានសម្លាប់នោះស័ក្ដិសមនឹងទទួលអំណាច ទ្រព្យសម្បត្ដិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្ដិយស សិរីរុងរឿង និងព្រះពរ»។
13 នោះខ្ញុំក៏ឮគ្រប់ទាំងជីវិតដែលបានបង្កើតមកដែលនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី និងនៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា៖ «សូមឲ្យព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀមបានប្រកបដោយព្រះពរ កិត្ដិយស សិរីរុងរឿង និងព្រះចេស្ដារហូតអស់កល្បជានិច្ច»។
14 រីឯសត្វមានជីវិតទាំងបួនក៏និយាយថា៖ «អាម៉ែន!» នោះពួកចាស់ទុំក៏ក្រាបថ្វាយបង្គំ។