វិវរណៈ 7:12-17 KCB

12 ទាំង​និយាយ​ថា៖​ «អាម៉ែន!​ សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​ព្រះពរ​ សិរី​រុងរឿង​ ប្រាជ្ញា​ ការ​អរព្រះគុណ​ កិត្ដិយស​ អំណាច​ និង​ឥទ្ធិឫទ្ធិ​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន!»

13 មាន​ចាស់ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖​ «តើ​ពួកអ្នក​ដែល​ពាក់​អាវ​ស​វែង​ទាំង​នេះ​ជា​នរណា​ ហើយ​មក​ពី​ណា?»​

14 នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​ដឹង​ស្រាប់​ហើយ»។​ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ទាំង​នោះ​ជា​ពួកអ្នក​ដែល​បាន​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ខ្លាំង​ ពួកគេ​បាន​បោកគក់​អាវ​វែង​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូនចៀម។​

15 ហេតុ​នេះ​ហើយ​បាន​ជា​ពួកគេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ ទាំង​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ពន្លាត​រោង​របស់​ព្រះអង្គ​លើ​ពួក​គេ។​

16 ពួកគេ​នឹង​មិន​ឃ្លាន​ ឬ​ស្រេក​ទៀត​ឡើយ​ ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ​

17 ដ្បិត​កូនចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ឃ្វាល​ពួកគេ​ ហើយ​នាំ​ពួកគេ​ទៅ​កាន់​ប្រភព​ទឹក​ជីវិត​ ហើយ​ព្រះជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ទាំង​អស់​ចេញ​ពី​ភ្នែក​របស់​ពួកគេ»។​