1 កាលពីដើម ព្រះជាម្ចាស់មានបន្ទូលមកកាន់ដូនតារបស់យើងតាមរយៈពួកអ្នកនាំព្រះបន្ទូល ជាច្រើនលើកច្រើនសាដោយប្រើរបៀបផ្សេងៗជាច្រើន
2 ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។
3 ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
4 ព្រះរាជបុត្រាបានទទួលនាមមួយដ៏ប្រសើរលើសជាងអស់ទាំងនាមរបស់ពួកទេវតាដែលទុកជាមរតកជាយ៉ាងណា ព្រះអង្គក៏ត្រលប់ជាវិសេសលើសជាងពួកទេវតាជាយ៉ាងនោះដែរ។
5 ដ្បិតតើព្រះជាម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ព្រះអង្គជាបុត្ររបស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ» ឬ «យើងនឹងធ្វើជាបិតារបស់គេ ហើយគេនឹងធ្វើជាបុត្ររបស់យើង»?
6 ម្យ៉ាងទៀត ពេលព្រះអង្គបានចាត់បុត្រច្បងឲ្យមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ចូរឲ្យទេវតាទាំងអស់របស់ព្រះជាម្ចាស់ថ្វាយបង្គំព្រះរាជបុត្រ»។