1 ដូច្នេះ ចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដ ហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍ កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយ ដូចជាខាងឯការប្រែចិត្ដចេញពីកិច្ចការរបស់សេចក្ដីស្លាប់ ជំនឿលើព្រះជាម្ចាស់
2 សេចក្ដីបង្រៀនអំពីពិធីជ្រមុជទឹក ពិធីដាក់ដៃ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច។
3 បើព្រះជាម្ចាស់អនុញ្ញាត នោះយើងនឹងធ្វើការនេះ។
4 ដ្បិតអស់អ្នកដែលបានទទួលពន្លឺម្ដងហើយ ព្រមទាំងបានភ្លក់អំណោយទានពីស្ថានសួគ៌ បានត្រលប់ជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ
5 បានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះជាម្ចាស់ និងអំណាចនៃលោកខាងមុខរួចហើយ
6 ប៉ុន្ដែបានធ្លាក់ចុះវិញ អ្នកទាំងនោះមិនអាចប្រែចិត្តជាថ្មីម្ដងទៀតបានឡើយ ព្រោះពួកគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈទៀតផង។
7 ដ្បិតដីណាស្រូបទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍ដល់អស់អ្នកភ្ជួររាស់ ដីនោះក៏ទទួលបានព្រះពរមកពីព្រះជាម្ចាស់ដែរ
8 ប៉ុន្ដែបើដីនោះដុះសុទ្ធតែបន្លា និងកន្ត្រើយវិញ ដីនោះគ្មានតម្លៃសោះឡើយ បន្ដិចទៀតនឹងត្រូវបណ្តាសារ ហើយនៅទីបញ្ចប់នឹងត្រូវគេដុតចោលតែម្ដង។
9 បងប្អូនជាទីស្រឡាញ់អើយ! ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាមានសេចក្ដីដ៏ប្រសើរជាង ដែលទាក់ទងនឹងសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា
10 ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើតទៅទៀតនោះ។
11 យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញសេចក្តីឧស្សាហ៍ដដែល ដើម្បីឲ្យបានជឿជាក់ទាំងស្រុងលើសេចក្ដីសង្ឃឹមរហូតដល់ទីបញ្ចប់
12 ដើម្បីកុំឲ្យអ្នករាល់គ្នាត្រលប់ជាខ្ជិលច្រអូសឡើយ ផ្ទុយទៅវិញ ជាអ្នកយកតម្រាប់តាមអស់អ្នកដែលទទួលបានសេចក្ដីសន្យាទុកជាមរតកដោយសារជំនឿ និងសេចក្តីអត់ធ្មត់។
13 នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំ ព្រះអង្គបានស្បថនឹងអង្គទ្រង់ ព្រោះគ្មានអ្នកណាធំជាងព្រះអង្គដែលព្រះអង្គត្រូវស្បថនឹងគេឡើយ
14 ព្រះអង្គមានបន្ទូលថា៖ «យើងប្រាកដជានឹងប្រទានពរជាច្រើនដល់អ្នក ហើយយើងប្រាកដជានឹងធ្វើឲ្យពូជរបស់អ្នកកើនចំនួនច្រើនឡើង»។
15 ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរ គាត់ក៏បានទទួលតាមសេចក្ដីសន្យា
16 ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួន ហើយគេចាត់ទុកសម្បថនោះថាបានការ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។
17 ដូច្នេះ ព្រះជាម្ចាស់ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យាឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គធានាដោយព្រះបន្ទូលសម្បថ
18 ហើយដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួលដែលព្រះជាម្ចាស់មិនអាចកុហកបាននេះ នោះយើងដែលបានរត់មកជ្រកកោន ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលបានដាក់នៅចំពោះមុខ អាចទទួលបានការកម្សាន្តចិត្តយ៉ាងខ្លាំង។
19 យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន
20 ជាកន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុនជំនួសយើង រួចព្រះអង្គបានត្រលប់ជាសម្ដេចសង្ឃដូចលោកម៉ិលគីស្សាដែករហូតអស់កល្បជានិច្ច។