ហេព្រើរ 11:12-18 KCB

12 ដូច្នេះ​ មាន​មនុស្ស​ច្រើន​ឥត​គណនា​ដូច​ផ្កាយ​នៅ​លើ​មេឃ​ និង​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់​មិន​អស់​ បាន​កើត​ពី​មនុស្ស​តែ​ម្នាក់​ដែល​ដូច​ជា​ស្លាប់​ហើយ។​

13 អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ទាំង​មាន​ជំនឿ​ ដោយ​មិន​បាន​ទទួល​អ្វី​ៗ​តាម​សេចក្ដី​សន្យា​ផង​ ប៉ុន្ដែ​ពួកគេ​បាន​ឃើញ​ និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ​ ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។

14 ​អ្នក​ដែល​និយាយ​ដូច្នេះ​ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ គេ​ស្វែង​រក​ស្រុក​មួយ​

15 ហើយ​បើ​គេ​នឹក​ស្រុក​ដែល​គេ​បាន​ចាកចេញ​មក​នោះ​ គេ​មាន​ឱកាស​វិល​ត្រលប់​ទៅ​វិញ​បាន​

16 ប៉ុន្ដែ​តាម​ពិត​ ពួកគេ​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង​នោះ​ គឺ​ជា​ស្រុក​ដែល​នៅ‍​ស្ថានសួគ៌។​ ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ថា​ព្រះ​របស់​ពួកគេ​ឡើយ​ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួកគេ។

17 ​ដោយសារ​ជំនឿ​ នៅ​ពេល​ព្រះជាម្ចាស់​ល្បងល‍​លោក​អ័ប្រាហាំ​ គាត់បានថ្វាយ​អ៊ីសាក​ជា​យញ្ញបូជា​ គឺ​គាត់​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​អស់​ បាន​ថ្វាយ​កូន​ប្រុស​តែ​មួយ​របស់​គាត់​

18 ទោះបី​មាន​សេចក្ដី​ថ្លែង​ទុក​អំពី​កូន​នោះក៏ដោយ​ថា៖​ «ពូជពង្ស​របស់​អ្នក​នឹង​ត្រូវ​រាប់​តាមរយៈ​អ៊ីសាក»។​