20 ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវអំពីអ្វីដែលនឹងកើតឡើង។
21 ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។
22 ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។
23 ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្ដាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
24 ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ
25 គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។
26 គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដថាជាទ្រព្យសម្បត្ដិដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។