1 ដូច្នេះ ដោយសារមានសាក្សីច្រើនដូចពពកនៅជុំវិញយើងទៅហើយ ចូរយើងបោះបង់បន្ទុកទាំងឡាយ និងបាបដែលងាយនឹងរឹតរួបយើងនោះចោល ហើយត្រូវរត់ក្នុងទីប្រណាំងដែលបានរៀបនៅចំពោះមុខយើងដោយសេចក្ដីអត់ធ្មត់
2 ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
3 ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។
4 អ្នករាល់គ្នាមិនទាន់តស៊ូក្នុងការតយុទ្ធនឹងបាបរហូតដល់បង្ហូរឈាមនៅឡើយទេ
5 ប៉ុន្ដែអ្នករាល់គ្នាភ្លេចការលើកទឹកចិត្ដ ដែលព្រះអង្គបានមានបន្ទូលមកអ្នករាល់គ្នា ទុកដូចជាកូនថា៖ «កូនអើយ! កុំមើលងាយការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយកុំបាក់ទឹកចិត្ដនៅពេលដែលព្រះអង្គកែតម្រង់ដែរ
6 ដ្បិតព្រះអម្ចាស់វាយប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយកូនទាំងអស់ដែលព្រះអង្គទទួល»។
7 ចូរអ្នករាល់គ្នាស៊ូទ្រាំនឹងការនោះ ទុកជាការវាយប្រដៅចុះ ព្រោះព្រះជាម្ចាស់ប្រព្រឹត្ដចំពោះអ្នករាល់គ្នាដូចជាកូន តើមានកូនឯណាដែលឪពុកមិនវាយប្រដៅនោះ?
8 ប៉ុន្ដែបើអ្នករាល់គ្នាមិនបានទទួលការវាយប្រដៅដែលកូនគ្រប់ៗគ្នាត្រូវទទួលទេនោះ អ្នករាល់គ្នាជាកូនក្លែងក្លាយ មិនមែនជាកូនពិតប្រាកដទេ។
9 ម្យ៉ាងទៀត យើងមានឪពុកខាងសាច់ឈាមដែលជាអ្នកវាយប្រដៅយើង ហើយយើងនៅតែគោរពគាត់ទៀតផង ដូច្នេះ តើយើងមិនគួរចុះចូលនឹងឪពុកខាងវិញ្ញាណឲ្យកាន់តែខ្លាំងទៀតទេឬ ដើម្បីឲ្យយើងមានជីវិត?
10 ដ្បិតឪពុកខាងសាច់ឈាមវាយប្រដៅយើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯឪពុកខាងវិញ្ញាណវិញ ព្រះអង្គវាយប្រដៅយើងសម្រាប់ជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងទទួលបានសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ។
11 ពេលមានការវាយប្រដៅ ពេលនោះ មើលទៅដូចជាព្រួយណាស់ មិនសប្បាយទេ ប៉ុន្ដែក្រោយមកទើបបង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតដល់អស់អ្នកដែលបានទទួលការហ្វឹកហ្វឺនតាមរបៀបនោះ។
12 ដូច្នេះ ចូរឲ្យដៃដែលរួយ និងជង្គង់ដែលខ្សោយនោះមានកម្លាំងឡើង
13 ហើយចូរតម្រង់ផ្លូវឲ្យត្រង់សម្រាប់ជើងរបស់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកដែលពិការជើងត្រូវបែរចេញឡើយ ប៉ុន្តែឲ្យបានជាវិញ។
14 ចូរដេញតាមសេចក្ដីសុខសាន្ដ និងសេចក្ដីបរិសុទ្ធជាមួយមនុស្សទាំងអស់ចុះ ដ្បិតបើគ្មានសេចក្ដីបរិសុទ្ធទេ នោះគ្មានអ្នកណានឹងឃើញព្រះអម្ចាស់ឡើយ។
15 ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់មិនបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ហើយកុំឲ្យឫសនៃភាពជូរចត់ពន្លកឡើង ដែលនាំឲ្យមានចលាចល ធ្វើឲ្យមនុស្សជាច្រើនមិនបរិសុទ្ធដោយសារសេចក្ដីទាំងនោះ
16 ចូរប្រយ័ត្ន កុំឲ្យមានអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ឬអ្នកមិនកោតខ្លាចព្រះជាម្ចាស់ដូចជាអេសាវ ដែលបានលក់សិទ្ធិកូនច្បងរបស់ខ្លួន ដោយព្រោះអាហារមួយពេលនោះឡើយ
17 ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមក នៅពេលគាត់ចង់បានពរទុកជាមរតក នោះគាត់ក៏ត្រូវបានបដិសេធវិញ ទោះបីគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏រកឱកាសប្រែចិត្តមិនបានឡើយ។
18 អ្នករាល់គ្នាមិនបានចូលមកឯភ្នំដែលអាចប៉ះបាន មានភ្លើងឆេះ មានពពកខ្មួលខ្មាញ់ មានផ្សែងងងឹត មានខ្យល់ព្យុះ
19 មានស្នូរត្រែ និងសំឡេងព្រះបន្ទូល ដែលពួកអ្នកឮបានអង្វរសុំកុំឲ្យព្រះអង្គមានបន្ទូលមកពួកគេទៀត
20 ដ្បិតពួកគេមិនអាចស៊ូទ្រាំនឹងសេចក្ដីដែលបានបង្គាប់មកថា សូម្បីតែសត្វដែលប៉ះពាល់ភ្នំ ក៏ត្រូវគប់នឹងដុំថ្មដែរ។
21 ទិដ្ឋភាពនោះគួរឲ្យភ័យខ្លាចណាស់ បានជាលោកម៉ូសេនិយាយថា ខ្ញុំញ័ររន្ធត់ណាស់។
22 តែអ្នករាល់គ្នាបានចូលមកឯភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមានទេវតាជាច្រើនអនេក
23 មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ហើយ
24 មានព្រះយេស៊ូដែលជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ហើយមានឈាមដែលបានប្រោះ គឺជាឈាមដែលបានប្រកាសអំពីសេចក្ដីប្រសើរជាងឈាមរបស់លោកអេបិល។
25 ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធមិនព្រមស្ដាប់តាមព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតនៅពេលពួកអ្នកដែលបដិសេធមិនព្រមស្ដាប់តាមមនុស្សដែលផ្ដល់ពាក្យទូន្មានមកពីព្រះជាម្ចាស់នៅលើផែនដីនេះ មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ នោះយើងដែលបែរចេញពីព្រះជាម្ចាស់ដែលមានបន្ទូលពីស្ថានសួគ៌ រឹតតែមិនអាចគេចផុតបានទៅទៀត។
26 សំឡេងរបស់ព្រះអង្គនៅពេលនោះបានធ្វើឲ្យផែនដីកក្រើក ប៉ុន្ដែឥឡូវនេះ ព្រះអង្គបានសន្យាថា៖ «យើងនឹងធ្វើឲ្យកក្រើកម្ដងទៀត គឺមិនត្រឹមតែផែនដីប៉ុណ្ណោះទេ ផ្ទៃមេឃក៏កក្រើកដែរ»។
27 ពាក្យថា ម្ដងទៀត បានបញ្ជាក់ថា អ្វីៗដែលកក្រើកនឹងត្រូវរើចេញ គឺជាអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកនឹងនៅស្ថិតស្ថេរ។
28 ដូច្នេះ ដោយព្រោះយើងបានទទួលនគរមួយដែលមិនកក្រើក នោះយើងត្រូវដឹងគុណ ទាំងបម្រើព្រះជាម្ចាស់ឲ្យសព្វព្រះហឫទ័យព្រះអង្គ ដោយចិត្ដគោរពកោតខ្លាច
29 ដ្បិតព្រះជាម្ចាស់របស់យើងជាភ្លើងដែលឆេះបំផ្លាញ។