1 សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប
2 ហើយសម្ដេចសង្ឃអាចអត់ឱនដល់មនុស្សល្ងង់ខ្លៅ និងវង្វេងបាន ព្រោះគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ
3 ហេតុនេះហើយបានជាគាត់ត្រូវថ្វាយតង្វាយសម្រាប់បាបរបស់គាត់ ដូចដែលថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជនដែរ
4 គ្មានអ្នកណាម្នាក់អាចទទួលបានកិត្តិយសនេះដោយខ្លួនឯងទេ មានតែអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅដូចលោកអើរ៉ុនប៉ុណ្ណោះ។
5 រីឯព្រះគ្រិស្ដក៏ដូច្នោះដែរ ព្រះអង្គមិនបានលើកតម្កើងអង្គទ្រង់ធ្វើជាសម្ដេចសង្ឃឡើយ គឺព្រះជាម្ចាស់ទេដែលមានបន្ទូលទៅព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ»។
6 ដូចនៅក្នុងបទគម្ពីរមួយទៀត ព្រះជាម្ចាស់មានបន្ទូលដែរថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។
7 កាលព្រះយេស៊ូគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានថ្វាយការអធិស្ឋាន និងការទូលអង្វរដោយសំឡេងខ្លាំងៗ ទាំងទឹកភ្នែកដល់ព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់បាន ហើយដោយព្រោះការគោរពកោតខ្លាចរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏ឆ្លើយតបនឹងព្រះអង្គ។
8 ទោះបីព្រះយេស៊ូជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គរៀនស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខវេទនាដែរ។
9 បន្ទាប់ពីព្រះអង្គគ្រប់លក្ខណ៍ហើយ ព្រះអង្គក៏ត្រលប់ជាប្រភពនៃសេចក្ដីសង្គ្រោះអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
10 ហើយព្រះជាម្ចាស់បានប្រកាសតែងតាំងព្រះអង្គជាសម្ដេចសង្ឃដូចលោកម៉ិលគីស្សាដែក។
11 យើងមានសេចក្ដីច្រើនដែលត្រូវនិយាយអំពីការនេះ ប៉ុន្ដែពិបាកពន្យល់ណាស់ ព្រោះអ្នករាល់គ្នាត្រលប់ជាខ្ជិលស្ដាប់។
12 ដ្បិតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែធ្វើជាគ្រូហើយ ក៏ប៉ុន្ដែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនអំពីគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងទៀត គឺអ្នករាល់គ្នាត្រលប់ជាអ្នកដែលត្រូវការទឹកដោះទៅវិញ មិនមែនអាហាររឹងទេ
13 ដ្បិតអ្នកណាដែលត្រូវការទឹកដោះ អ្នកនោះល្ងង់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិត ពីព្រោះអ្នកនោះនៅជាទារកនៅឡើយ
14 រីឯអាហាររឹងសម្រាប់មនុស្សពេញវ័យដែលធ្លាប់បានបង្វឹកប្រាជ្ញាញាណរបស់ខ្លួនឲ្យចេះវែកញែកការល្អ និងការអាក្រក់។