18 ដូច្នេះហើយ កិច្ចព្រមព្រៀងមុនក៏មិនអាចយកជាការបានដែរ បើគ្មានឈាម។
19 ដ្បិតពេលលោកម៉ូសេបានប្រកាសប្រាប់ប្រជាជនទាំងអស់អំពីបញ្ញត្ដិទាំងឡាយស្របតាមគម្ពីរវិន័យរួចហើយ គាត់ក៏យករោមចៀមពណ៌ក្រហមទុំ និងស្លឹកហ៊ីសុបមកជ្រលក់នៅក្នុងឈាមកូនគោ ឈាមពពែ និងទឹក ហើយប្រោះលើគម្ពីរ និងប្រជាជនទាំងអស់
20 ទាំងនិយាយថា នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានបង្គាប់មកអ្នករាល់គ្នា។
21 បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។
22 ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។
23 ដូច្នេះ ចាំបាច់ត្រូវឲ្យគំរូនៃអ្វីៗ ដែលនៅស្ថានសួគ៌មានការសំអាតដោយពិធីទាំងនេះ ប៉ុន្ដែអ្វីៗដែលនៅស្ថានសួគ៌នោះត្រូវសំអាតដោយយញ្ញបូជាដ៏ប្រសើរជាងនេះ
24 ដ្បិតព្រះគ្រិស្ដមិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើឡើងដោយដៃមនុស្ស ដែលគ្រាន់តែជារូបតំណាងនៃរបស់ពិតប៉ុណ្ណោះទេ គឺព្រះអង្គបានយាងចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញអង្គទ្រង់ជំនួសយើងនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់នៅពេលឥឡូវនេះ។