1 ទីបញ្ចប់នេះ បងប្អូនអើយ! អ្នករាល់គ្នាបានទទួលសេចក្ដីបង្រៀនពីយើងអំពីរបៀបរស់នៅឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យរួចហើយ ហើយអ្នករាល់គ្នាបានរស់នៅដូច្នោះមែន។ ឥឡូវនេះ យើងសូមអង្វរ ហើយដាស់តឿនអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូថា ចូររស់នៅដូច្នេះឲ្យកាន់តែប្រសើរទៀតចុះ
2 ដ្បិតអ្នករាល់គ្នាស្គាល់សេចក្ដីបង្គាប់ដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូហើយ។
3 ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ
4 ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូរ
5 មិនមែនដោយចំណង់តណ្ហាដូចជាសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។
6 មិនត្រូវឲ្យនរណាម្នាក់បំពាន ឬបោកប្រាស់បងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ព្រោះព្រះអម្ចាស់នឹងសងសឹកចំពោះរឿងទាំងនេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាពីមុន និងបានបញ្ជាក់រួចហើយ
7 ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។
8 ដូច្នេះ អ្នកណាដែលបដិសេធសេចក្ដីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នាវិញ។
9 រីឯសេចក្ដីស្រឡាញ់ជាបងប្អូន ខ្ញុំមិនចាំបាច់សរសេរមកអ្នករាល់គ្នាទេ ព្រោះព្រះជាម្ចាស់បង្រៀនអ្នករាល់គ្នាឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមកហើយ
10 ដ្បិតអ្នករាល់គ្នាស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលមែន ប៉ុន្ដែបងប្អូនអើយ! យើងសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំងឡើងៗ
11 ហើយខំយកចិត្តទុកដាក់រស់នៅដោយស្រគត់ស្រគំ ទាំងបំពេញកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃរបស់ខ្លួន ដូចដែលយើងបានបង្គាប់អ្នករាល់គ្នាហើយ
12 ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយត្រឹមត្រូវចំពោះអ្នកក្រៅ ហើយឥតត្រូវការអ្វីឡើយ។
13 បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីពួកអ្នកដែលបានដេកលក់ហើយនោះទេ ក្រែងលោអ្នករាល់គ្នាកើតទុក្ខដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម។
14 ដ្បិតបើយើងជឿថា ព្រះយេស៊ូបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន នោះត្រូវជឿថា ព្រះជាម្ចាស់នឹងនាំពួកអ្នកដែលដេកលក់នៅក្នុងព្រះយេស៊ូឲ្យទៅជាមួយព្រះអង្គដែរ។
15 ដ្បិតយើងប្រាប់អ្នករាល់គ្នាតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់រហូតដល់ពេលព្រះអម្ចាស់យាងមក ពិតជាមិនទៅមុនពួកអ្នកដែលបានដេកលក់ឡើយ
16 ព្រោះព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មកទាំងមានសម្រែក និងសំឡេងមហាទេវតា ព្រមទាំងត្រែរបស់ព្រះជាម្ចាស់ នោះពួកមនុស្សស្លាប់នៅក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញមុនគេ
17 បន្ទាប់មក យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់ នឹងត្រូវលើកឡើងទៅក្នុងពពកជាមួយគ្នា ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ដូច្នេះយើងនឹងនៅជាមួយព្រះអម្ចាស់រហូតតទៅ។
18 ហេតុនេះ ចូរកម្សាន្ដចិត្ដគ្នាទៅវិញទៅមកដោយពាក្យទាំងនេះចុះ។