1 បងប្អូនអើយ! អ្នករាល់គ្នាដឹងហើយថា ការដែលយើងមកឯអ្នករាល់គ្នានេះ មិនមែនឥតប្រយោជន៍ទេ
2 គឺដូចដែលអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ក្រោយពេលដែលយើងរងទុក្ខលំបាក និងត្រូវគេប្រមាថនៅក្រុងភីលីពរួចមក នោះយើងមានសេចក្ដីក្លាហាននៅក្នុងព្រះជាម្ចាស់របស់យើង ដើម្បីប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះអង្គ ទោះបីមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។
3 ដ្បិតសេចក្ដីទូន្មានរបស់យើងមិនមែនមកពីសេចក្ដីបោកប្រាស់ សេចក្ដីស្មោកគ្រោក ឬល្បិចកលឡើយ
4 ផ្ទុយទៅវិញ ព្រះជាម្ចាស់សព្វព្រះហឫទ័យផ្ទុកផ្ដាក់ដំណឹងល្អឲ្យយើងប្រកាសយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះ គឺមិនមែនដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យព្រះជាម្ចាស់ដែលពិសោធចិត្ដរបស់យើងសព្វព្រះហឫទ័យវិញ។
5 អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងមិនដែលប្រើពាក្យសំដីបញ្ចើចបញ្ចើ ឬមានពុតដោយព្រោះសេចក្ដីលោភលន់ឡើយ ព្រះជាម្ចាស់ជាសាក្សីស្រាប់
6 ហើយយើងក៏មិនបានរកការសរសើរពីមនុស្សដែរ ទោះបីពីអ្នករាល់គ្នា ឬពីអ្នកដទៃក្ដី។
7 យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្ដែយើងប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន។
8 យើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់ បានជាយើងមិនត្រឹមតែពេញចិត្ដប្រគល់ដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាបានត្រលប់ជាអ្នកជាទីស្រឡាញ់របស់យើង។
9 បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
10 អ្នករាល់គ្នា និងព្រះជាម្ចាស់ជាសាក្សីស្រាប់ អំពីរបៀបដែលយើងប្រព្រឹត្ដចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺប្រព្រឹត្ដដោយបរិសុទ្ធ សុចរិត ហើយឥតបន្ទោសបាន។
11 អ្នករាល់គ្នាក៏ដឹងដែរថា យើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួន
12 គឺយើងបានទូន្មាន លើកទឹកចិត្ដ ហើយជម្រុញអ្នករាល់គ្នាឲ្យរស់នៅតាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងនគរ និងសិរីរុងរឿងរបស់ព្រះអង្គ។
13 យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ដោយព្រោះពេលដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានប្រកាស អ្នករាល់គ្នាមិនបានទទួលទុកជាពាក្យរបស់មនុស្សទេ ផ្ទុយទៅវិញទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដមែន ដែលធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ។
14 បងប្អូនអើយ! អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅស្រុកយូដា ដ្បិតអ្នករាល់គ្នាបានទទួលរងទុក្ខពីជនរួមជាតិរបស់ខ្លួនដូចដែលក្រុមជំនុំទាំងនោះបានទទួលពីជនជាតិយូដាដែរ
15 ពួកគេបានសម្លាប់ព្រះអម្ចាស់យេស៊ូ និងពួកអ្នកនាំព្រះបន្ទូល ព្រមទាំងបៀតបៀនយើងទៀតផង។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេ ហើយទាស់នឹងមនុស្សទាំងអស់
16 ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អប្រាប់សាសន៍ដទៃទេ ដើម្បីកុំឲ្យសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ ពួកគេធ្វើដូច្នេះ បាបរបស់ពួកគេកាន់តែកើនឡើងជានិច្ច ហើយនៅទីបំផុត សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់មកលើពួកគេ។
17 រីឯយើងវិញ បងប្អូនអើយ! ទោះបីយើងឃ្លាតពីអ្នករាល់គ្នាមួយរយៈមែន ប៉ុន្ដែយើងឃ្លាតតែរូបកាយប៉ុណ្ណោះ មិនបានឃ្លាតចិត្តទេ ដូច្នេះធ្វើឲ្យយើងកាន់តែសង្វាតចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង
18 ហេតុនេះហើយបានជាយើងចង់មកឯអ្នករាល់គ្នាណាស់ ខ្ញុំប៉ូលចង់មកឯអ្នករាល់គ្នាមួយលើកពីរលើកហើយ តែអារក្សសាតាំងបានរារាំងយើង
19 ដ្បិតតើអ្នកណាជាសេចក្ដីសង្ឃឹម និងជាអំណរ ឬជាមកុដដែលនាំឲ្យយើងមានមោទនៈភាពនៅចំពោះព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនអ្នករាល់គ្នាទេឬ?
20 ព្រោះអ្នករាល់គ្នាជាសិរីរុងរឿង និងជាអំណររបស់យើងមែន។