13 ដោយរបៀបនេះយើងដឹងថា យើងនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏នៅជាប់នឹងយើងដែរ ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង
14 ហើយយើងក៏បានឃើញ ទាំងធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាឲ្យមកធ្វើជាព្រះអង្គសង្គ្រោះរបស់មនុស្សលោក
15 អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់គង់នៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។
16 យើងបានស្គាល់ ព្រមទាំងបានជឿលើសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានដល់យើង។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ រីឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះក៏នៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏គង់នៅក្នុងអ្នកនោះដែរ
17 ដោយរបៀបនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះអង្គជាយ៉ាងណា យើងក៏ដូចជាព្រះអង្គដែរនៅក្នុងលោកិយនេះ។
18 នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ ដ្បិតសេចក្ដីស្រឡាញ់ដែលគ្រប់លក្ខណ៍កម្ចាត់សេចក្ដីភ័យខ្លាច ពីព្រោះសេចក្ដីភ័យខ្លាចជាប់មានការដាក់ទោស ដូច្នេះអ្នកណាដែលមានសេចក្ដីភ័យខ្លាច អ្នកនោះមិនទាន់គ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។
19 រីឯយើងវិញ យើងស្រឡាញ់ ដោយព្រោះព្រះអង្គស្រឡាញ់យើងជាមុន។