១ យ៉ូហាន 1 KCB

1 អ្វី​ដែល​មាន​តាំង​ពីដើម​ដំបូង​មក​ ជា​អ្វី​ដែល​យើង​បាន​ឮ​ និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ទាំង​បាន​ប៉ះ​ផ្ទាល់​ដៃ​របស់​យើង​ទៀត​ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​

2 ដ្បិត​ជីវិត​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ ដូច្នេះ​យើង​បាន​ឃើញ​ និង​ធ្វើ​បន្ទាល់​ ព្រម​ទាំង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះវរបិតា​ ហើយ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ។​

3 ដូច្នេះ​ អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ យើង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ប្រកប​ជាមួយ​យើង​ដែរ​ ហើយ​សេចក្ដី​ប្រកប​របស់​យើង​ជា​សេចក្ដី​ប្រកប​ជាមួយ​ព្រះវរបិតា​ និង​ជាមួយ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​

4 យើង​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញ​បរិបូរ។​

5 នេះ​ជា​សេចក្ដី​ដែល​យើង​បាន​ឮ​ពី​ព្រះអង្គ​មក​ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ថា​ ព្រះជាម្ចាស់​ជា​ពន្លឺ​ ហើយ​គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ឡើយ​

6 បើ​យើង​និយាយ​ថា​ យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះអង្គ​ ប៉ុន្ដែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​ នោះ​យើង​កុហក​ ហើយ​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​ទេ។​

7 ប៉ុន្ដែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​ដូច​ដែល​ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ដែរ​ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ឈាម​របស់​ព្រះយេស៊ូ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ក៏​សំអាត​យើង​ពី​បាប​ទាំង​អស់​ផង។​

8 បើ​យើង​និយាយ​ថា​យើង​គ្មាន​បាប​ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​យើង​ទេ​

9 ប៉ុន្ដែ​បើ​យើង​ទទួល​សារភាព​បាប​របស់​យើង​ នោះ​ព្រះអង្គ​ស្មោះ​ត្រង់​ និង​សុចរិត​ ព្រះអង្គ​នឹង​លើកលែង​ទោស​បាប​របស់​យើង​ ព្រម​ទាំង​សំអាត​យើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់​ផង។​

10 បើ​យើង​និយាយ​ថា​ យើង​មិន​ដែល​ប្រព្រឹត្ដ​បាប​ នោះ​យើង​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​នៅ​ក្នុង​យើង​ទេ។​

ជំពូក

1 2 3 4 5