1 ឥឡូវនេះ បងប្អូនជាទីស្រឡាញ់អើយ! នេះជាសំបុត្រទីពីរដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ហើយនៅក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹក និងដាស់គំនិតដ៏ស្មោះត្រង់របស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង
2 ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។
3 មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអកដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេមក ទាំងចំអក
4 ដោយនិយាយថា តើសេចក្ដីសន្យាអំពីការយាងមករបស់ព្រះអង្គនៅឯណា ដ្បិតតាំងពីពួកដូនតាដេកលក់ទៅ នោះអ្វីៗទាំងអស់នៅតែដដែលតាំងពីដើមកំណើតផែនដីមក។
5 ព្រោះគេចង់បំភ្លេចសេចក្ដីនេះថា តាំងពីយូរណាស់មកហើយ នោះមានផ្ទៃមេឃ ហើយផែនដីក៏ត្រូវបានបង្កើតឡើងឲ្យផុសចេញពីទឹក និងនៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់
6 បន្ទាប់មក ពិភពលោកត្រូវទឹកនោះជន់លិចបំផ្លាញ
7 ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។
8 បងប្អូនជាទីស្រឡាញ់អើយ! សូមកុំភ្លេចសេចក្ដីមួយនេះឡើយថា នៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ
9 ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្ដវិញ
10 ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរ នៅថ្ងៃនោះ ផ្ទៃមេឃនឹងរលាយបាត់ទៅដោយសូរគ្រាំគ្រេង ធាតុទាំងឡាយនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯផែនដី និងអ្វីៗដែលនៅផែនដីក៏នឹងវិនាសអស់ដែរ។
11 បើអ្វីៗទាំងនេះនឹងត្រូវបំផ្លាញបែបនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅបែបណា គឺអ្នករាល់គ្នាត្រូវតែមានកិរិយាបរិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់
12 ទាំងទន្ទឹងរង់ចាំ ឲ្យថ្ងៃរបស់ព្រះជាម្ចាស់ឆាប់មកដល់ ព្រោះនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯធាតុទាំងឡាយក៏នឹងឆេះរលាយអស់ដែរ។
13 ប៉ុន្ដែយើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីតាមសេចក្ដីសន្យារបស់ព្រះអង្គ ដែលនៅទីនោះមានតែសេចក្ដីសុចរិត។
14 ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងដើម្បីឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីសុខសាន្ដផង
15 ហើយចូរយល់ថាសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងជាសេចក្ដីសង្គ្រោះ ដូចដែលលោកប៉ូលជាបងប្អូនជាទីស្រឡាញ់របស់យើង បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញា ដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់
16 ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួនបានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។
17 ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ដោយព្រោះអ្នករាល់គ្នាបានដឹងសេចក្ដីនេះជាមុនរួចហើយ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវសេចក្ដីខុសឆ្គងរបស់ពួកមនុស្សអាក្រក់អូសទាញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួននោះឡើយ
18 ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់គ្នាបានចម្រើនឡើងខាងឯព្រះគុណ និងខាងឯការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងទាំងនៅពេលឥឡូវនេះ និង រហូតអស់កល្បជានិច្ច អាម៉ែន។