4 កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។
5 ពួកគេមកពីលោកិយ បានជានិយាយរឿងរបស់លោកិយ ហើយលោកិយក៏ស្ដាប់ពួកគេដែរ។
6 រីឯយើងវិញ យើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្ដាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
7 បងប្អូនជាទីស្រឡាញ់អើយ! ចូរឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលមានសេចក្ដីស្រឡាញ់ នោះកើតមកពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ព្រះជាម្ចាស់ដែរ
8 ប៉ុន្ដែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។
9 ព្រះជាម្ចាស់បានបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើងតាមរយៈការនេះ គឺព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះរាជបុត្រានោះ។
10 សេចក្ដីស្រឡាញ់គឺបែបនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានស្រឡាញ់យើង ហើយបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ ធ្វើជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង។