1 វេទនាហើយក្រុងដែលប្រឡាក់ដោយឈាមហើយមានការកុហក អំពើឃោរឃៅនិងការលួចប្លន់គ្រប់ទីកន្លែង។
2 ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំងទ័ពសេះបោលយ៉ាងលឿនរទេះចំបាំងបោះពួយទៅមុខ។
3 កងទ័ពសេះវាយសម្រុកចូលមកមុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេកប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែងសាកសពគរលើគ្នា។ចំនួនមនុស្សស្លាប់មានច្រើនឥតគណនាដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។
4 ហេតុការណ៍នេះកើតមានព្រោះតែអំពើពេស្យាចាររបស់ក្រុងនីនីវេដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាតហើយពូកែដាក់ស្នេហ៍។នាងបង្ក្រាបប្រជាជាតិ និងកុលសម្ព័ន្ធនានាដោយអំពើពេស្យាចារ និងស្នេហ៍របស់នាង។
5 នីនីវេអើយ យើងប្រឆាំងនឹងនាងហើយ!យើងនឹងលាត់សំពត់នាងឡើងរហូតដល់ក្បាលយើងនឹងឲ្យប្រជាជាតិនានាឃើញកេរខ្មាសរបស់នាងនិងឲ្យនគរទាំងឡាយឃើញភាពអាម៉ាស់របស់នាង។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
6 យើងនឹងបោះសំរាមលើនាងយើងនឹងឲ្យនាងធ្លាក់ក្នុងភក់ជ្រាំទុកជាការព្រមានដល់អ្នកឯទៀតៗ។
7 ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយទាំងពោលថា:“នីនីវេវិនាសហើយ គ្មាននរណាអាណិតនាងគ្មាននរណាសម្រាលទុក្ខនាងទេ!”។
8 នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូនជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។
9 ស្រុកអេត្យូពី និងស្រុកអេស៊ីបជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេរីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ីក៏ជាបរិវាររបស់គេដែរ។
10 ទោះបីយ៉ាងនេះក្ដី ក៏នរ-អាម៉ូនត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នាមេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
11 ចំណែកឯនាងវិញក៏ដូច្នោះដែរនាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់នាងនឹងស្វែងរកកន្លែងពួនឲ្យរួចផុតពីខ្មាំងសត្រូវ។
12 បន្ទាយទាំងប៉ុន្មានរបស់នាងប្រៀបបីដូចជាផ្លែឧទុម្ពរទុំពេលគេអង្រួនដើមវាផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែលចង់បរិភោគ។
13 កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះទ្វារកំពែងរបស់នាងនឹងបើកចំហឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
14 ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ!ចូរជួសជុលកំពែងក្រុងចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋនិងរៀបចំឡដុតឥដ្ឋឡើងវិញ។
15 ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើងអ្នកនឹងស្លាប់ដោយមុខដាវដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។ចូរប្រមូលផ្ដុំគ្នាដូចដង្កូវចូរប្រមូលផ្ដុំគ្នាដូចចង្រិត!
16 ពួកជំនួញរបស់អ្នកមានចំនួនច្រើនជាងផ្កាយនៅលើមេឃទៅទៀតពួកគេប្រៀបដូចជាចង្រិតត្រដាងស្លាបហើរចេញទៅ។
17 នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូបពួករាជការរបស់អ្នកមានចំនួនច្រើនដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះនៅពេលរងា។ពេលថ្ងៃរះវាហើរទៅបាត់អស់គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។
18 ស្ដេចស្រុកអាស្ស៊ីរីអើយមេទ័ពរបស់អ្នកស្លាប់បាត់អស់ហើយនាយទាហានរបស់អ្នកក៏លែងកំរើករហូតកងពលរបស់អ្នកខ្ចាត់ព្រាត់ទៅនៅតាមភ្នំគ្មាននរណាប្រមូលផ្ដុំពួកគេឡើយ។
19 គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នកនឹងនាំគ្នាទះដៃអរដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវអំពើឃោរឃៅរបស់អ្នក។