នាង​អេសធើរ 1:14-20 KHSV

14 អ្នក​ទាំង​នោះ​មាន: លោក​កើសេ‌ណា លោក​សេថារ លោក​អ័ឌ‌ម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេ‌ណា លោក​មមូ‌កាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ‌ពីរ​រូប​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។

15 ព្រះ‌ចៅ​អហា‌ស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។

16 លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស​ដែរ

17 ដ្បិត​រឿង​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​មក​គាល់​ស្ដេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។

18 ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា ព្រះ‌មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។

19 ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។

20 ពេល​ណា​ប្រជា‌ជន​ដឹង​អំពី​សេចក្ដី​សម្រេច​ដ៏​សំខាន់ ដែល​ព្រះ‌រាជា​ប្រកាស​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច»។