7 គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។
8 ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។
9 រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅអហាស៊ូរុសដែរ។
10 នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើឲ្យព្រះចៅអហាស៊ូរុសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្ដេច
11 ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។
12 ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។
13 ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។