16 គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។
17 ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។
18 ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
19 នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។
20 មកទល់ពេលនោះ ព្រះនាងអេសធើរពុំទាន់ប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។
21 នៅគ្រានោះ គឺគ្រាដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ ដែលជាអ្នករក្សាទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីកថាន និងលោកថេរែស មានកំហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
22 លោកម៉ាដេកាយដឹងគម្រោងការរបស់ពួកគេ លោកក៏បញ្ជូនដំណឹងទៅព្រះនាងអេសធើរ ហើយព្រះនាងអេសធើរក៏យកទៅទូលស្ដេចក្នុងនាមលោកម៉ាដេកាយ។