នាង​អេសធើរ 2:9-15 KHSV

9 លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។

10 នាង​អេសធើរ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេ‌កាយ​បាន​ហាម​នាង​ប្រាប់​ឲ្យ​គេ​ដឹង។

11 រៀង​រាល់​ថ្ងៃ លោក​ម៉ាដេ‌កាយ​តែងតែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធើរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។

12 ស្ត្រី​ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី​ត្រូវ​រៀបចំ​ខ្លួន​ដប់‌ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះចៅ​អហា‌ស៊ូរុស។ ពួក​នាង​ត្រូវ​សំអាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សំអាង​កាយ​ផ្សេងៗ​សម្រាប់​ស្ត្រី ស្រប​តាម​ពិធី​ការ​ដែល​មាន​ចែង​ទុក។

13 ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។

14 នាង​ទៅ​គាល់​ស្ដេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាស‌កាស ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើក‌លែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។

15 លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌ហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ‌កាយ​ហើយ​លោក​ម៉ាដេ‌កាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។