នាង​អេសធើរ 3:10-15 KHSV

10 ព្រះ‌រាជា​ក៏​ដោះ​ព្រះ‌ទម្រង់ ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។

11 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។

12 នៅ​ថ្ងៃ​ទី​បី ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន សម្រាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជា‌ការ​កង‌ទ័ព ពួក​ទេសា‌ភិបាល​អាណា‌ខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ព្រះ‌រាជា​ទៀត​ផង។

13 គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណា‌ខេត្ត​របស់​ព្រះ‌រាជា បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី ក្នុង​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។

14 អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​នោះ។

15 ពួក​អ្នក​នាំ​សារ​ប្រញាប់‌ប្រញាល់​ចាក​ចេញ ទៅ​តាម​បញ្ជា​របស់​ស្ដេច។ គេ​ក៏​បាន​ប្រកាស​រាជ‌ក្រឹត្យ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។ ពេល​នោះ ព្រះ‌រាជា​គង់​សោយ​សុរា​ជា​មួយ​លោក​ហាម៉ាន តែ​មាន​សម្រែក​យំ​សោក​ពាស‌ពេញ​ក្រុង​ស៊ូសាន។