5 ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។
6 មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។
7 នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេបានបោះពួរីម*នៅចំពោះមុខលោកណាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
8 លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។
9 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។
10 ព្រះរាជាក៏ដោះព្រះទម្រង់ ដែលជាត្រា ហុចទៅឲ្យលោកណាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បច្ចាមិត្តរបស់ជនជាតិយូដា។
11 ស្ដេចមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។