នាង​អេសធើរ 4:2-8 KHSV

2 លោក​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង ដ្បិត​លោក​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។

3 នៅ​តាម​អាណា‌ខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជ‌ក្រឹត្យ​ហើយ ជន‌ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។

4 ពួក​ស្ត្រី​បម្រើ និង​មហា‌តលិក​របស់​ព្រះ‌នាង​អេសធើរ បាន​នាំ​ដំណឹង​នេះ មក​ទូល​ថ្វាយ​ព្រះ‌នាង ហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​រន្ធត់​ព្រះ‌ហឫទ័យ​ពន់​ប្រមាណ។ ព្រះ‌នាង​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​លោក​ម៉ាដេ‌កាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ទេ។

5 ពេល​នោះ ព្រះ‌នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។

6 លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេ‌កាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។

7 លោក​ម៉ាដេ‌កាយ​រៀប​រាប់​ប្រាប់​គាត់​អំពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ប្រសិន​បើ​ស្ដេច​ចេញ​បញ្ជា​ឲ្យ​គេ​ប្រល័យ​ជីវិត​ជន‌ជាតិ​យូដា។

8 លោក​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ថ្វាយ​ព្រះ‌នាង​ផង។ លោក​ក៏​បាន​សូម​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌រាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូល‌អង្វរ​ព្រះ‌រាជា សម្រាប់​ជាតិ​សាសន៍​របស់​ព្រះ‌នាង។