8 លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។
9 លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។
10 ព្រះនាងប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា៖
11 «ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្ដេច នៅសាលខាងក្នុងរាជដំណាក់ ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់ អស់រយៈពេលមួយខែមកហើយ»។
12 គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធើរ ទៅជម្រាបលោកម៉ាដេកាយ។
13 លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។
14 ប្រសិនបើព្រះនាងសំងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។