1 លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្ដេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។
2 ពេលព្រះរាជាទតឃើញព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានព្រះហឫទ័យមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសថ្វាយព្រះនាងអេសធើរ ព្រះនាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។
3 ស្ដេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានឲ្យទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។
4 ព្រះនាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណាយាងទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ានដែរ»។