7 ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះ ទូលអង្វរព្រះមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះរាជាសម្រេចធ្វើទោសលោកហើយ។
8 ព្រះរាជាវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។
9 មហាតលិកមួយរូបឈ្មោះលោកហាបូណា ទូលព្រះរាជាថា៖ «លោកហាម៉ានសង់បង្គោលមួយកំពស់ហាសិបហត្ថ នៅវិមានរបស់លោក សម្រាប់ព្យួរ-កលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះជន្មរបស់ព្រះករុណា»។ ព្រះរាជាក៏បញ្ជាថា៖ «ចូរយកលោកហាម៉ានទៅព្យួរ-កនៅបង្គោលនោះទៅ»។
10 គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។