2 ពេលនោះ ព្រះរាជាយកត្រាព្រះទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ ព្រះនាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។
3 ព្រះនាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។
4 ព្រះរាជាហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះភ័ក្ត្រស្ដេច។
5 ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។
6 ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។
7 ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយព្រះនាងអេសធើរ ហើយក៏បានឲ្យគេព្យួរ-កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។
8 ឥឡូវនេះ សូមព្រះមហាក្សត្រិយានី និងលោក រៀបរៀងរាជសារមួយ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។