25 ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
26 ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំឭកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។
27 ជនជាតិយូដាយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេ ព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដា ត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួលបានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះ តាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។
28 ពួកគេនាំគ្នារំឭក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយខានមិនបាន ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយ ចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។
29 ព្រះមហាក្សត្រិយានីអេសធើរ ជាកូនរបស់លោកអប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដាបានចងក្រងលិខិតមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើលិខិតមុន ស្ដីអំពីបុណ្យពួរីម។
30 គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។
31 ជនជាតិយូដា និងពូជពង្សរបស់គេ ត្រូវប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្ដីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធើរបានបង្គាប់ តាមថ្ងៃកំណត់ ដូចប្រារព្ធពិធីតមអាហារ និងបុណ្យជយឃោសដែរ។