2 មានបងប្អូនខ្ញុំម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។
3 អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។
4 ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូលអង្វរព្រះនៃស្ថានបរមសុខ។
5 ខ្ញុំទូលព្រះអង្គដូចតទៅ:«បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។
6 សូមផ្ទៀងព្រះកាណ៌ស្ដាប់ ព្រមទាំងទតមើលមកទូលបង្គំ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គផង។ ទូលបង្គំកំពុងតែទូលអង្វរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងថ្ងៃទាំងយប់ សូមព្រះអង្គប្រណីសន្ដោសជនជាតិអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ។ ទូលបង្គំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រាអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។
7 យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
8 សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។