1 នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រាអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។
2 អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។
3 បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
4 លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។
5 បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។«បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់ដែលពុំអាចរកពាក្យមកថ្លែងដើម្បីលើកតម្កើង និងសរសើរបាន!
6 មានតែព្រះអង្គទេដែលជាព្រះអម្ចាស់ព្រះអង្គបានបង្កើតផ្ទៃមេឃព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុតនិងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃព្រះអង្គក៏បានបង្កើតផែនដីនិងអ្វីៗទាំងអស់នៅលើផែនដីសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើហ្វូងតារាទាំងអស់នៅលើមេឃនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
7 ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយដែលបានជ្រើសរើសលោកអាប់រ៉ាមនិងនាំលោកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។
8 ព្រះអង្គឈ្វេងយល់លោកមានចិត្តស្មោះត្រង់នឹងព្រះអង្គព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោកដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណានជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីតជនជាតិយេប៊ូស និងជនជាតិគើកាស៊ីឲ្យពូជពង្សរបស់លោក។ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យាដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
9 ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរសរបស់យើងខ្ញុំនៅស្រុកអេស៊ីបព្រះអង្គបានឮសម្រែករបស់ពួកគេនៅក្បែរសមុទ្រកក់។
10 ព្រះអង្គបានសម្តែងទីសម្គាល់និងឫទ្ធិបាដិហារិយ៍ផ្សេងៗប្រឆាំងនឹងស្ដេចផារ៉ោនព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេចនិងប្រជាជននៅស្រុកអេស៊ីបទាំងមូលដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាចធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីល្បាញរហូតដល់សព្វថ្ងៃ។
11 ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នានៅចំពោះមុខបុព្វបុរសរបស់យើងពួកគេដើរកាត់បាតសមុទ្រប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែលដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
12 នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេដោយដុំពពកនៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
13 ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិតព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។
14 ព្រះអង្គប្រទានឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទ*ដ៏វិសុទ្ធ*របស់ព្រះអង្គហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំងក្រឹត្យវិន័យ*មកពួកគេ តាមរយៈលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ។
15 នៅពេលដែលពួកគេឃ្លាន ព្រះអង្គប្រទានអាហារពីលើមេឃមកឲ្យពួកគេនៅពេលដែលពួកគេស្រេកទឹកព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ព្រះអង្គបញ្ជាពួកគេឲ្យចូលទៅកាន់កាប់ទឹកដីដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។
16 ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួតនិងមានចិត្តរឹងចចេសពុំព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
17 ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរពួកគេបានតែងតាំងមេដឹកនាំម្នាក់ចង់វិលទៅរកទាសភាពវិញ។ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោសព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអត់ធ្មត់និងពោរពេញដោយព្រះហឫទ័យមេត្តាករុណាព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
18 ទោះបីពួកគេសិតរូបកូនគោមួយទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នកដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!”ហើយទោះបីពួកគេបានប្រមាថព្រះអង្គខ្លាំងយ៉ាងណាក្ដី
19 ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេនៅវាលរហោស្ថានឡើយព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរពួកគេយ៉ាងខ្លាំង។នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេដោយដុំពពកនៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
20 ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកពួកគេដើម្បីឲ្យពួកគេចេះគិតពិចារណាព្រះអង្គប្រទាននំម៉ាណាឲ្យពួកគេបរិភោគព្រមទាំងប្រទានទឹកឲ្យពួកគេមិនដែលអាក់ខានឡើយ។
21 ក្នុងអំឡុងពេលសែសិបឆ្នាំព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលពួកគេត្រូវការនៅវាលរហោស្ថានពួកគេមិនដែលខ្វះខាតអ្វីឡើយសម្លៀកបំពាក់របស់ពួកគេមិនរេចរឹលហើយជើងរបស់ពួកគេក៏មិនហើមដែរ។
22 ព្រះអង្គបានប្រគល់ទឹកដីរបស់នគរនិងជាតិសាសន៍នានាដែលនៅជិតខាងមកឲ្យពួកគេកាន់កាប់។ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុកជាស្ដេចស្រុកបាសាន។
23 ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដីដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេថានឹងឲ្យពួកគេកាន់កាប់។
24 កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីព្រះអង្គបានបង្ក្រាបជនជាតិកាណានជាអ្នកស្រុកនោះ នៅមុខពួកគេព្រះអង្គបានប្រគល់ជនជាតិនោះ ទាំងស្ដេចទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេដើម្បីឲ្យពួកគេប្រព្រឹត្តតាមអំពើចិត្ត។
25 ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំនិងទឹកដីដែលមានជីជាតិល្អ។ពួកគេចាប់យកបានផ្ទះដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាងព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខយ៉ាងច្រើនបរិបូណ៌។ពួកគេបរិភោគឆ្អែត មានសាច់មានឈាមហើយរស់នៅយ៉ាងសប្បាយដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
26 ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរប្រឆាំងនឹងព្រះអង្គពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គហើយសម្លាប់ពួកព្យាការីដែលដាស់តឿនពួកគេឲ្យបែរចិត្តមករកព្រះអង្គវិញពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
27 ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្តហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ*ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំងព្រះអង្គប្រទានអ្នករំដោះមកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត។
28 ពេលបានសុខក្សេមក្សាន្តពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មីព្រះអង្គក៏បោះបង់ចោលពួកគេឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មីព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំងហើយព្រះអង្គសង្គ្រោះពួកគេជាច្រើនលើកច្រើនសា។
29 ព្រះអង្គបានដាស់តឿនពួកគេឲ្យវិលមកកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គវិញតែពួកគេមានចិត្តរឹងចចេសមិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។វិន័យរបស់ព្រះអង្គតែងតែផ្ដល់ជីវិតឲ្យមនុស្សដែលប្រតិបត្តិតាមប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុសនឹងវិន័យទាំងនេះវិញ។ពួកគេមានចិត្តមានះ និងរឹងចចេសមិនព្រមស្ដាប់បង្គាប់ឡើយ។
30 ព្រះអង្គទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំព្រះអង្គប្រទានព្រះវិញ្ញាណឲ្យមករំឭកដាស់តឿនពួកគេតាមរយៈពួកព្យាការីរបស់ព្រះអង្គប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
31 ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំងព្រះអង្គមិនលុបបំបាត់ពួកគេឬបោះបង់ចោលពួកគេឡើយដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។
32 ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដមប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំដែលកំពុងរងទុក្ខលំបាកគឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំបូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំដូនតារបស់យើងខ្ញុំនិងប្រជាជនទាំងមូលរបស់ព្រះអង្គចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃនេះ។
33 ហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថាព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំដោយយុត្តិធម៌ និងសុចរិតមែនព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
34 ស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំបូជាចារ្យរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំពុំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជាឬការព្រមានផ្សេងៗដែលព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេដែរ។
35 នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួនព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាងដ៏សម្បូណ៌សប្បាយក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អពួកគេពុំព្រមគោរពបម្រើព្រះអង្គទេហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់របស់ខ្លួនដែរ។
36 ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ!យើងខ្ញុំធ្វើជាទាសករក្នុងស្រុកដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំដើម្បីឲ្យពួកគេបរិភោគផលផ្លែនិងទទួលភោគទ្រព្យនៅក្នុងស្រុក!
37 ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះបែរជាបម្រុងទុកសម្រាប់ស្ដេចនានាដែលព្រះអង្គឲ្យយើងខ្ញុំធ្វើជាចំណុះព្រោះតែអំពើបាបរបស់យើងខ្ញុំ។គេត្រួតត្រាលើរូបកាយយើងខ្ញុំនិងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំតាមអំពើចិត្តរបស់គេយើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
38 ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។