29 នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមក្រឹត្យវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
30 យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។
31 នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
32 យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់
33 គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។
34 ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងក្រឹត្យវិន័យ។
35 យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។