នេហេ‌មា 3:12-18 KHSV

12 នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។

13 លោក​ហានូន និង​អ្នក​ស្រុក​សាណូ‌អា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។

14 លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។

15 លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។

16 បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។

17 បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។

18 បន្ទាប់​មក មាន​បង‌ប្អូន​របស់​ពួក​គេ គឺ​លោក​បាវ៉ាយ​ជា​កូន​របស់​លោក​ហេណា‌ដាដ និង​ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង​ទៀត។