នេហេ‌មា 3:20-26 KHSV

20 បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលីយ៉ាស៊ីប។

21 បន្ទាប់​មក មាន​លោក​ម្រេម៉ូត​ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជួស‌ជុល មួយ​ផ្នែក​ទៀត ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលីយ៉ាស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។

22 បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ជួស‌ជុល​នៅ​ក្បែរ​គាត់។

23 បន្ទាប់​មក មាន​លោក​បេន‌យ៉ាមីន និង​លោក​ហាស៊ូប ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសា‌រា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា និង​ជា​ចៅ​របស់​លោក​អណា‌នា ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។

24 បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ ជា​កូន​របស់​លោក​ហេណា‌ដាឌ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។

25 លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួស‌ជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្ដេច​ជិត​ទីធ្លា​ក្រុម​អង្គ‌រក្ស។ បន្ទាប់​មក មាន​លោក​ពេដា‌យ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។

26 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។