1 នៅពេលនោះ មានប្រជាជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។
2 អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។
3 អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចម្ការទំពាំងបាយជូរ និងផ្ទះសំបែង»។
4 អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេច។
5 សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចម្ការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។
6 ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។
7 ខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។