11 ចូរប្រគល់ដីស្រែចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះរបស់គេឲ្យគេវិញ នៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេង ដែលអស់លោកចាត់ទុកជាការនោះដែរ»។
12 អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។
13 បន្ទាប់មក ខ្ញុំរលាស់ហោប៉ៅអាវធំរបស់ខ្ញុំ ទាំងពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសម្ដីរបស់ខ្លួនទេ សូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរ។ សូមឲ្យគេបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ សូមកុំឲ្យគេនៅសល់អ្វីសោះឡើយ!»។ អង្គប្រជុំទាំងមូលឆ្លើយថា “អាម៉ែន!” រួចគេនាំគ្នាលើកតម្កើងព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យា។
14 ចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀរវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។
15 ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។
16 លើសពីនោះ ខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុង។ មួយវិញទៀត ខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចម្ការណាឡើយ រីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំ ក៏ធ្វើដូចខ្ញុំដែរ។
17 អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។