នេហេ‌មា 6:2-8 KHSV

2 លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

3 ខ្ញុំ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការ‌ងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំ‌ខាន»។

4 ពួក​គេ​ចាត់​មនុស្ស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។

5 លោក​សាន់បា‌ឡាត់​ចាត់​អ្នក​ជំនិត​របស់​គាត់​ឲ្យ​នាំ​ពាក្យ​ដដែល​មក​ជា​លើក​ទី​ប្រាំ។ អ្នក​នាំ​សារ​នោះ​កាន់​សំបុត្រ​ដែល​បើក​ចំហ​មក​ជា​មួយ​ផង។

6 សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា លោក និង​ជន‌ជាតិ​យូដា​មាន​បំណង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។

7 លោក​ក៏​បាន​តែង‌តាំង​ពួក​ព្យាការី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។

8 ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាម‌អារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។