បរិទេវ 2 KHSV

ព្រះ‌អម្ចាស់​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម

1 ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ!ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរគ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែលធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី!នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធព្រះ‌អង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជាកំណល់​កល់​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ទេ។

2 ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មានរបស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ក្នុង​ពេល​ព្រះ‌អង្គ​ក្រេវ‌ក្រោធព្រះ‌អង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ព្រះ‌អង្គ​បាន​បន្ទាប​បន្ថោក​នគរនិង​មេ​ដឹក​នាំ​របស់​នគរ​នេះ។

3 ក្នុង​ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំងព្រះ‌អង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែលព្រះ‌អង្គ​លែង​ជួយ​ពួក​គេឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទីនៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។

4 ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្តព្រះ‌អង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃសម្រាប់​យើងព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូនដូច​ភ្លើង​ឆេះ​រាល‌ដាល។

5 ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវព្រះ‌អង្គ​លេប​បំបាត់​អ៊ីស្រា‌អែលព្រះ‌អង្គ​លេប​បំបាត់​វិមានព្រះ‌អង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេងនិង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។

6 ព្រះ‌អង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការរបស់​ព្រះ‌អង្គព្រះ‌អង្គ​កម្ទេច​ព្រះ‌ដំណាក់និង​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូនលែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្ដេចនិង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។

7 ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ស្អប់​ខ្ពើម​ទី‌សក្ការៈ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុងពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោសនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។

8 ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​វាស់​កំពែង​នេះហើយ​ព្រះ‌អង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិនព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុងរំលំ​គរ​លើ​គ្នា។

9 ព្រះ‌អង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុតកប់​ទៅ​ក្នុង​ដីព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយសូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្តឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។

10 ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ស៊ីយ៉ូននាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើតពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាលហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹមនាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។

11 ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែកចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវក្នុង​បុរី​នេះ។

12 ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុងដូច​អ្នក​របួសហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។

13 ក្រុង​ស៊ីយ៉ូន​អើយតើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀតនាង​ក្រមុំ​ស៊ីយ៉ូន​អើយតើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹមដើម្បី​សម្រាល​ទុក្ខ​នាង​បាន?ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរតើ​នរណា​អាច​ព្យាបាល​នាង​បាន?

14 ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្តឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាងពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាងដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្តឥត​បាន​ការ​មក​បញ្ឆោត​នាង។

15 អស់​អ្នក​ដើរ​កាត់​តាម​នេះគេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាលចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹមទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែសរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុតនៅ​លើ​ផែនដី?”។

16 ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាងពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា“យើង​បាន​ត្របាក់​លេប​វា​ហើយ!ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយយើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!”

17 ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​ទុកតាំង​ពី​យូរ‌លង់​ណាស់​មក​ហើយព្រះ‌អង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណីព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយដោយ​ឃើញ​នាង​បរា‌ជ័យព្រះ‌អង្គ​ប្រទាន​កម្លាំងឲ្យ​បច្ចា‌មិត្ត​របស់​នាង។

18 កំពែង​ក្រុង​ស៊ីយ៉ូន​អើយចូរ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្តចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។

19 ចូរ​ក្រោក​ឡើង!ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ!ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយចូរ​លើក​ដៃ​អង្វរ​ព្រះ‌អង្គសូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។

20 ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះសូម​ទត​មើល​ចុះ!ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន!ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។

21 ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវនៅ​ថ្ងៃ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។

22 ព្រះ‌អង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែងមក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។នៅ​ថ្ងៃ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធគ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។ប្រជា‌ជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។

ជំពូក

1 2 3 4 5