1 ម្ដេចក៏មាសប្រែជាស្រអាប់ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ!ថ្មព្រះវិហារនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែងតាមដងផ្លូវទាំងអស់!
2 ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់គឺមានតម្លៃដូចមាស។ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជាក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
3 សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែររីឯប្រជាជនរបស់ខ្ញុំវិញគេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួនដូចសត្វអូទ្រុសនៅវាលរហោស្ថាន។
4 កូនតូចៗរបស់គេស្រេកទឹកខះកក្មេងៗនាំគ្នាយំទាររកបាយតែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។
5 អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗបរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវអស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿងតាំងពីក្មេងមកបែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
6 ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាងអ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ដោយគ្មាននរណាប្រហារនោះទៅទៀត។
7 ពួកមេដឹកនាំធ្លាប់តែជាមនុស្សបរិសុទ្ធឥតខ្ចោះហើយសជាងសំឡីទៅទៀតពួកគេមានរូបកាយល្អស្អាតជាងផ្កាថ្មហើយផ្ទៃមុខភ្លឺដូចកែវមរកត។
8 ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូងនៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេពួកគេស្គមសល់តែស្បែក និងឆ្អឹងហើយស្បែករបស់គេស្ងួតដូចសំបកឈើ។
9 អ្នកស្លាប់ដោយមុខដាវមានសំណាងជាងអ្នកស្លាប់ដោយអត់អាហារដែលវិនាសបន្តិចម្ដងៗ ព្រោះគ្មានអ្វីបរិភោគ។
10 នៅពេលមហន្តរាយមកដល់ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តាបែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
11 ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិតព្រះអង្គបានជះព្រះពិរោធព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូនឲ្យឆេះរហូតដល់គ្រឹះ។
12 ស្ដេចទាំងឡាយនៅលើផែនដីព្រមទាំងមនុស្សម្នាក្នុងលោកទាំងមូលពិបាកជឿថា បច្ចាមិត្តអាចចូលមកក្នុងក្រុងយេរូសាឡឹមបានយ៉ាងនេះ។
13 ហេតុការណ៍នេះកើតឡើងព្រោះតែអំពើបាបរបស់ពួកព្យាការីនិងកំហុសរបស់ពួកបូជាចារ្យដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង!
14 អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវដូចមនុស្សខ្វាក់ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាមសូម្បីតែសម្លៀកបំពាក់របស់ពួកគេក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។
15 អ្នកឯទៀតៗស្រែកដាក់អ្នកទាំងនោះថា:ជនមិនបរិសុទ្ធអើយ ចូរចៀសចេញទៅ!ចៀស! ចូរចៀសឲ្យឆ្ងាយទៅ!កុំប៉ះពាល់ឲ្យសោះ!ពួកគេរត់ភៀសខ្លួនពីប្រជាជាតិមួយទៅប្រជាជាតិមួយតែគ្មាននរណាទទួលពួកគេឲ្យស្នាក់អាស្រ័យឡើយ។
16 ព្រះអម្ចាស់ផ្ទាល់បានកំចាត់កំចាយពួកគេព្រះអង្គលែងរវីរវល់នឹងពួកគេ។គ្មាននរណាគោរពពួកបូជាចារ្យឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។
17 យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែកតែមិនឃើញមាននរណាមកសង្គ្រោះសោះយើងឃ្លាំមើល ហើយឃ្លាំមើលទៀតតែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
18 សត្រូវនាំគ្នាពួនស្ទាក់ចាំប្រហារយើងសូម្បីតែនៅតាមផ្លូវក្នុងក្រុងរបស់យើងក៏យើងដើរមិនបានផង។ថ្ងៃដែលយើងត្រូវស្លាប់ ជិតមកដល់យើងជិតអស់អាយុថ្ងៃដែលយើងត្រូវស្លាប់ មកដល់ហើយ!
19 អ្នកដែលប្រហារយើង នាំគ្នាដេញតាមយើងលឿនជាងសត្វឥន្ទ្រីហោះហើរនៅលើមេឃពួកគេដេញតាមយើងនៅលើភ្នំពួកគេចាំស្ទាក់យើងនៅវាលរហោស្ថាន។
20 យើងធ្លាប់ពោលថាដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រយើងនឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ប៉ុន្តែឥឡូវនេះ ព្រះមហាក្សត្រដែលជាម្ចាស់ជីវិតរបស់យើងគឺស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
21 ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយចូរសប្បាយចិត្ត ចូររីករាយទៅ!ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរអ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
22 ប្រជាជនក្រុងស៊ីយ៉ូនអើយអ្នកទទួលទោសដល់កម្រិតហើយគ្មាននរណាកៀរអ្នកយកទៅជាឈ្លើយទៀតទេរីឯប្រជាជនស្រុកអេដុមវិញព្រះអម្ចាស់នឹងធ្វើទណ្ឌកម្មពួកគេស្របតាមអំពើដែលគេប្រព្រឹត្តគឺព្រះអង្គលាតត្រដាងអំពើបាបរបស់ពួកគេ។