1 ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនានៅគ្រាដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ។
2 ព្រះអង្គបណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹតគឺមិនមែនក្នុងពន្លឺឡើយ។
3 ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដវាយខ្ញុំ ហើយវាយទៀត។
4 ព្រះអង្គវាយខ្ញុំដាច់សាច់ដាច់ស្បែកព្រះអង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។
5 ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនាមករុំព័ទ្ធជុំវិញខ្ញុំ។
6 ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹតដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
7 ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំងដើម្បីកុំឲ្យខ្ញុំចេញរួចព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
8 ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយតែព្រះអង្គឃាត់ឃាំងគេមិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
9 ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំព្រះអង្គបានពង្វាងផ្លូវខ្ញុំ។
10 ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំនិងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
11 ព្រះអង្គដេញខ្ញុំចេញពីផ្លូវព្រះអង្គហែកសាច់ខ្ញុំព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។
12 ព្រះអង្គយឹតធ្នូហើយបាញ់ព្រួញតម្រង់មកខ្ញុំ។
13 ព្រះអង្គយកព្រួញទាំងអស់ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។
14 ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំរៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។
15 ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
16 ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។
17 ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
18 ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយសូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះអម្ចាស់ក៏លែងមានទៀតដែរ”។
19 ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោលដែលខ្ញុំជួបប្រទះនោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
20 ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដីក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។
21 តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ
22 គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរចំពោះខ្ញុំ ឥតទីបញ្ចប់។
23 ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរសនិងព្រះហឫទ័យអាណិតអាសូរនេះសាជាថ្មីរៀងរាល់ព្រឹកព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមានទំហំធំពន់ពេកក្រៃ។
24 ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វីក្រៅពីព្រះអម្ចាស់ទេហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
25 ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គនិងចំពោះអ្នកដែលស្វែងរកព្រះអង្គ។
26 ការតាំងចិត្តស្ងប់ស្ងៀមរង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះនោះពិតជាការល្អប្រពៃមែន។
27 ជាការប្រពៃណាស់ដែលមនុស្សទទួលការលត់ដំតាំងពីក្មេងទៅ។
28 ពេលណាព្រះអង្គធ្វើទោសយើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់ដាច់ឡែកតែឯង
29 ហើយក្រាបចុះ អោនមុខដល់ដីធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
30 ត្រូវបែរថ្ពាល់ឲ្យគេទះនិងទ្រាំឲ្យគេជេរប្រមាថចុះ
31 ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលយើងរហូតឡើយ។
32 ទោះបីព្រះអង្គដាក់ទោសក្ដីព្រះអង្គនៅតែអាណិតមេត្តាដដែលដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គធំពន់ពេកក្រៃ។
33 ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹងដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
34 ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែលជាប់ជាឈ្លើយក្នុងស្រុកណាមួយ
35 ពេលគេរំលោភលើសិទ្ធិមនុស្សនៅចំពោះព្រះភ័ក្ត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
36 ពេលគេកាត់ក្ដីមនុស្សដោយអយុត្តិធម៌ព្រះអម្ចាស់ទតឃើញទាំងអស់!
37 ពេលព្រះអម្ចាស់បង្គាប់អ្វីមួយការនោះត្រូវតែកើតឡើងក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។
38 សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
39 ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដីក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែលដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
40 តោងយើងពិនិត្យពិច័យ និងស្ទង់មើលកិរិយាមារយាទរបស់ខ្លួនហើយបែរចិត្តគំនិតមករកព្រះអម្ចាស់វិញ។
41 ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់ដែលគង់នៅស្ថានបរមសុខ*តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។
42 ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយបះបោរប្រឆាំងនឹងព្រះអង្គព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។
43 ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំព្រះពិរោធបានបាំងព្រះអង្គមិនឲ្យត្រាប្រណីយើងខ្ញុំ។
44 ព្រះអង្គពួននៅក្នុងពពក*ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរឮទៅដល់ព្រះអង្គឡើយ។
45 ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជាសំរាម ដែលគ្មាននរណារាប់រកក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
46 ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំនាំគ្នាជេរប្រមាថយើងខ្ញុំ។
47 យើងខ្ញុំជួបប្រទះតែគ្រោះកាចការភ័យខ្លាច និងការវិនាសអន្តរាយ។
48 ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹងព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
49 ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរនិងឥតស្រាកស្រាន្ត
50 រហូតទាល់តែព្រះអម្ចាស់ទតឃើញពីស្ថានបរមសុខ។
51 ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាននៅក្នុងក្រុងរបស់ខ្ញុំ។
52 អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំដោយឥតហេតុផលដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។
53 ពួកគេបោះខ្ញុំក្នុងអណ្ដូងរួចយកថ្មគ្របពីលើ ដើម្បីឲ្យខ្ញុំថប់ដង្ហើម។
54 ពេលនោះ ទឹកលិចក្បាលខ្ញុំខ្ញុំពោលថា ខ្ញុំស្លាប់ហើយ!
55 ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះនាមរបស់ព្រះអង្គពីបាតអណ្ដូងនោះមក។
56 ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំស្រែកអង្វរថា:“សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយសូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំសូមជួយទូលបង្គំផង!”។
57 នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គព្រះអង្គយាងចូលមកជិតទូលបង្គំព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
58 ព្រះអម្ចាស់អើយព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។
59 ព្រះអម្ចាស់អើយ ព្រះអង្គបានទតឃើញពួកគេសង្កត់សង្កិនទូលបង្គំសូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
60 ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេព្រមទាំងការឃុបឃិតទាំងប៉ុន្មានប្រឆាំងនឹងទូលបង្គំ។
61 ព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថព្រមទាំងការឃុបឃិតទាំងប៉ុន្មានប្រឆាំងនឹងទូលបង្គំ។
62 ព្រះអង្គបានឮពួកគេនិយាយហើយក៏ឮពួកគេគិតគូរគម្រោងការប្រឆាំងនឹងទូលបង្គំដែរ។
63 សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដីពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។
64 ឱព្រះអម្ចាស់អើយ សូមតបស្នងទៅពួកគេវិញស្របតាមអំពើដែលពួកគេប្រព្រឹត្ត។
65 សូមធ្វើឲ្យពួកគេមានចិត្តរឹងរូសហើយដាក់បណ្ដាសាពួកគេទៅ។
66 ព្រះអង្គដេញតាមពួកគេ ទាំងព្រះពិរោធហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យពីផែនដីនេះ។