1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាបុរសម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះហូរចេញមក បណ្ដាលឲ្យគាត់ទៅជាមិនបរិសុទ្ធ។
3 ខ្ទុះដែលហូរចេញមក ឬក៏ស្ទះក្ដី សុទ្ធតែមិនបរិសុទ្ធ ហើយបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធដែរ។
4 ដូច្នេះ គ្រែបុរសនោះដេក ឬកន្លែងបុរសនោះអង្គុយនឹងក្លាយទៅជាមិនបរិសុទ្ធ។
5 អ្នកប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
6 អ្នកអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
7 អ្នកដែលប៉ះអ្នកជំងឺត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
8 ប្រសិនបើអ្នកជំងឺស្ដោះទឹកមាត់ទៅលើមនុស្សបរិសុទ្ធ អ្នកបរិសុទ្ធនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
9 រីឯកែបសេះ ឬកែបលាដែលអ្នកជំងឺជិះ ក៏ក្លាយទៅជាមិនបរិសុទ្ធដែរ។
10 អ្នកណាប៉ះពាល់វត្ថុដែលគេដាក់នៅក្រោមអ្នកជំងឺ អ្នកនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ អ្នកកាន់វត្ថុនេះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
11 បើអ្នកជំងឺពុំបានលាងដៃ ហើយទៅពាល់នរណាម្នាក់ អ្នកនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
12 ផើងធ្វើអំពីដីដែលអ្នកជំងឺប៉ះពាល់ ត្រូវតែបំបែកចោលទាំងអស់ តែបើជាផើងធ្វើពីឈើវិញ នោះត្រូវតែយកទឹកមកលាងសម្អាត។
13 កាលណាខ្ទុះរបស់អ្នកកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកជ្រោះយកមកលាងសម្អាតខ្លួនប្រាណ រួចហើយទើបគាត់បរិសុទ្ធ។
14 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅថ្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ គាត់ត្រូវជូនសត្វនោះទៅបូជាចារ្យ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
15 បូជាចារ្យយកសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
16 ប្រសិនបើបុរសម្នាក់ហូរទឹកកាម គេត្រូវលាងសម្អាតខ្លួនប្រាណទាំងមូល ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
17 សម្លៀកបំពាក់ ឬកំរាលដែលប្រឡាក់ទឹកកាមនោះ ត្រូវតែបោកសម្អាត ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
18 កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសម្អាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច»។
19 «កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវ នាងត្រូវនៅក្នុងភាពមិនបរិសុទ្ធ អស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
20 ពេលមានរដូវនោះគ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ ក៏ទៅជាមិនបរិសុទ្ធដែរ។
21 អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
22 អ្នកប៉ះនឹងកៅអីដែលនាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
23 ប្រសិនបើមាននរណាម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយ អ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
24 ប្រសិនបើមានបុរសម្នាក់រួមដំណេកជាមួយនាង ក្នុងអំឡុងពេលនាងមានរដូវ បុរសនោះក៏ទៅជាមិនបរិសុទ្ធ អស់រយៈប្រាំពីរថ្ងៃ ហើយគ្រែដែលគេដេកនោះក៏មិនបរិសុទ្ធដែរ។
25 កាលណាស្ត្រីម្នាក់ធ្លាក់ឈាមខុសពីធម្មតា ឬធ្លាក់ឈាមច្រើនថ្ងៃជាងពេលមានរដូវ នាងត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ ក្នុងអំឡុងពេលធ្លាក់ឈាមនោះ ដូចគ្រានាងមានរដូវដែរ។
26 ពេលនោះ គ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ នឹងទៅជាមិនបរិសុទ្ធដូចពេលនាងមានរដូវដែរ។
27 អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
28 កាលណានាងឈប់ធ្លាក់ឈាមហើយ នាងត្រូវរង់ចាំអស់រយៈពេលប្រាំពីរថ្ងៃទៀត ទើបនាងអាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។
29 នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅជូនបូជាចារ្យនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
30 បូជាចារ្យយកសត្វមួយ ថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះបាបឲ្យស្ត្រីធ្លាក់ឈាម ដែលបណ្ដាលឲ្យនាងទៅជាមិនបរិសុទ្ធនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
31 ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើឲ្យដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។
32 នេះជាក្រឹត្យវិន័យស្ដីអំពីបុរសដែលមានជំងឺកាមរោគ ឬហូរទឹកកាមបណ្ដាលឲ្យខ្លួនទៅជាមិនបរិសុទ្ធ
33 និងស្ដីអំពីស្ត្រីដែលធ្លាក់ឈាមក្នុងពេលមានរដូវ ព្រមទាំងបុរស និងស្ត្រីដែលរួមដំណេកជាមួយគ្នា នៅពេលស្ត្រីស្ថិតក្នុងភាពមិនបរិសុទ្ធ»។