លេវី‌វិន័យ 8 KHSV

ការ​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​ដំបូង​បង្អស់

ពិធី​តែង‌តាំង​បូជា‌ចារ្យ

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក‌បំពាក់​បូជា‌ចារ្យ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​យញ្ញ‌បូជា​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំប៉័ង​ឥត​មេ

3 រួច​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់»។

4 លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

5 លោក​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ធ្វើ»។

6 លោក​នាំ​លោក​អើរ៉ុន និង​កូនៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​ពួក​គេ។

7 លោក​ពាក់​អាវ​វែង​ជូន​លោក​អើរ៉ុន យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ពាក់​អាវ​ធំ ហើយ​ពាក់​អាវ​អេផូដ*​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។

8 លោក​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​លោក​អើរ៉ុន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​យូរីម និង​ធូមីម*។

9 លោក​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ​ជូន​លោក​អើរ៉ុន ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

10 លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ព្រះ‌ពន្លា និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ទុក​ជា​សក្ការៈ។

11 លោក​ប្រោះ​ប្រេង​ប្រាំ‌ពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។

12 លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អើរ៉ុន ដើម្បី​ញែក​លោក​ឲ្យ​វិសុទ្ធ*។

13 លោក​ម៉ូសេ​បាន​នាំ​កូនៗ​របស់​លោក​អើរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14 លោក​ម៉ូសេ​នាំ​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។

15 លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។

16 លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។

17 រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

18 លោក​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

19 លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

20 លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។

21 លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

22 លោក​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

23 លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​លោក​អើរ៉ុន។

24 បន្ទាប់​មក លោក​ក៏​នាំ​កូនៗ​លោក​អើរ៉ុន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គេ។ លោក​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

25 លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្ដាំ

26 រួច​យក​នំប៉័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្ដាំ។

27 លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អើរ៉ុន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ព្រះ‌អម្ចាស់។

28 បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

29 លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ លើក​ថ្វាយ​ព្រះ‌អម្ចាស់។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

30 លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ ប្រោះ​លើ​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ លោក​ញែក​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក រួម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ ឲ្យ​ទៅ​ជា​វិសុទ្ធ។

31 លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​អើរ៉ុន និង​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចំអិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នំប៉័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សម្រាប់​ពិធី​តែង‌តាំង​ជា​បូជា‌ចារ្យ ដូច​ខ្ញុំ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។

32 សាច់ និង​នំប៉័ង ដែល​នៅ​សល់ ត្រូវ​ដុត​ចោល។

33 អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ មិន​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែង‌តាំង​អ្នក​រាល់​គ្នា​ឡើយ។

34 ព្រះ‌អម្ចាស់​ផ្ទាល់​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។

35 អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នៅ​បម្រើ​ព្រះ‌អម្ចាស់ ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់»។

36 លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27