លេវី‌វិន័យ 18:17-23 KHSV

17 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។

18 ក្នុង​ពេល​ប្រពន្ធ​អ្នក​នៅ​រស់ មិន​ត្រូវ​យក​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​អ្នក មក​ធ្វើ​ជា​ប្រពន្ធ​ចុង ជា​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​ទាស់‌ទែង​គ្នា​រវាង​នាង និង​ប្រពន្ធ​របស់​អ្នក​ឡើយ។

19 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។

20 កុំ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​ទៅ​ជា​សៅ‌ហ្មង​ជា​មួយ​នាង​ឡើយ។

21 មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់។

22 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុសៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។

23 មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត។