16 យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។
17 យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
18 ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
19 យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។
20 អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។
21 ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
22 យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។